បើមិនដឹងច្បាស់កុំចង់ប្រថុយ ប្រយ័ត្នធ្លាក់ចូលអន្ទាក់ក្រុមអ្នកទិញលក់ហាងឆេងមាសតាមប្រព័ន្ធអនឡាញ អស់លុយមិនដឹងខ្លួន ពាក្យចាស់ពោលថា ដើរឲ្យមានបី ស្តីឲ្យមានបួន ឬ ចូលព្រៃឲ្យមើលថ្ងៃលិច បុរសម្នាក់បានរងគ្រោះធ្លាក់ចូលអន្ទាក់នៃការល្បួងលួងលោមរបស់ក្រុមអ្នកទិញលក់មាស ឬហៅថាលេងហាងឆេងមាស តាមប្រព័ន្ធអនឡាញ អស់ប្រាក់ពីខ្លួនរលីង រហូតជំពាក់បំណុលគេវ័ណ្ឌកថែមទៀត ។

ថ្លែងប្រាប់អ្នកសារព័ត៌មានយើងកាលពីរសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ ២០២៦ លោកនាក់ ង៉យ បច្ចុប្បន្នរស់នៅ ភូមិអូរតាពុកក្រោម សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដែលធ្លាក់ខ្លួនរងគ្រោះក្នុងរឿងរ៉ាវខាងលើនេះបានលើកឡើងថារូបលោកបានធ្លាក់ចូលក្នុងអន្ទាក់នៃការទិញលក់មាសជាមួយស្រ្តីម្នាក់តាមអនឡាញរហូតអស់លុយពីខ្លួន មិនត្រឹមតែប៉ុណ្ណោះស្រ្តីរូបនោះក៏បាន ប្តឹងទៅតុលាការឲ្យលោកសងលុយបន្ថែមចំនួន៦០០០០ម៉ឺនដុល្លារថែមទៀត ។

លោកនាក់ ង៉យ បានរៀបរាប់ឲ្យដឹងទៀតថា លោកបានស្គាល់ស្រ្តីម្នាក់ឈ្មោះទី ម៉ីយ៉ាវ តាម រយៈអ្នកលក់មាស ពីរនាក់ប្តីប្រពន្ធនៅផ្សារសាមគ្គី ហៅផ្សារ ប៉ាហ៊ី ខេត្តប៉ៃលិន ដោយពីរនាក់ប្តីប្រពន្ធខាងលើនេះបានប្រាប់ថាស្រ្តីឈ្មោះ ទី ម៉ីយ៉ាវ គឺជាអាជីវករលក់មាសនៅខេត្តបាត់ដំបងនិងជាមេទិញលក់ហាង ឆេងមាសដ៏ធំផងដែរ ។ លោកនាក់ ង៉យបានបន្តថាបន្ទាប់ពីទំនាក់ទំនងស្គាល់ស្រ្តីឈ្មោះ ទី ម៉ីយ៉ាវ រួចមកដើម្បី បង្កើននូវទំនុកចិត្តនិងទាក់ទាញលោកឲ្យស្លុងខ្លួនឈ្មោះទី ម៉ីយ៉ាវក៏បានប្រើល្បិចលួងលោមអូសទាញឲ្យចូលរួមលេងទិញលក់ហាងឆេងមាស ក្នុងចំនួនបន្តិចន្តួចសិន ហើយគ្រានោះដែរក៏មានការនិយាយគ្នាផងដែរថា ក្នុងចំនួនមាស ១តម្លឹង កក់ ១០០ ដុល្លារ ១០០ តម្លឹងកក់១០០០០ ដុល្លារ បានន័យថាប្រសិនបើមាសធ្លាក់ចុះគឺកាត់តែលុយកក់តែប៉ុណ្ណោះ ប៉ុន្តែលុះនៅក្នុងតំណាក់កាលចុងក្រោយដែលលោកបានអះអាងថាចំនួនលុយទាំងដើម និងលុយចំណេញសរុបទាំងអស់១២៨០០០ដុល្លារ ដែលស្រ្តីឈ្មោះទី ម៉ីយ៉ាវ បង្កកមិនព្រមទូទាត់ឲ្យ ដោយយកឡេះថាជាប់រវល់មិនចេះចប់មិនចេះហើយ រហូតលោកសម្រេចចិត្តថានិងបង្វិលទិញវិញចំនួន៧០០ តម្លឹង ហើយឲ្យដកលុយកក់ចំនួន៧០០០០ដុល្លារ ក្នុងចំណោមលុយដែលនៅសល់ចំនួន១២៨០០០ ដុល្លារ នោះហេតុអ្វីក៏នៅពេលមាសធ្លាក់ថ្លៃស្រ្តីឈ្មោះទី ម៉ីយ៉ាវនេះ កាត់យកទាំងលុយនៅសល់ចំនួន ៥៨០០០ ដុល្លារថែមទៀត មិនត្រឹមតែប៉ុណ្ណោះបង្ខំឲ្យលោកសងចំនួន ៦០០០០ ម៉ឺនថែមទៀត រហូតដល់ចុងក្រោយស្រ្តីឈ្មោះទី ម៉ីយ៉ាវ បានប្តឹងលោកទៅតុលាការទៀតផង ។

ត្រឡប់មករំលឹករឿងនេះឡើងវិញលោកនាក់ ង៉យ បានលើកឡើងទៀតថាក្នុងដំណាក់កាលដំបូងបង្អស់ ស្រ្តីរូបនេះធ្លាប់បានធ្វើការដោះដូរប្រគល់មាសពិតប្រាកដឲ្យមកខ្លួនចំនួន១ដងទៅ២ដង។ ការធ្វើបែបនេះគឺជាការធ្វើផែនការរៀបចំទុកជាមុន ឬអាចនិយាយបានថាដាក់នុយបោក ដើម្បីឲ្យលោកមានការជឿជាក់ទាំងស្រុងថាអាជីវកម្មអនឡាញរបស់គេមានមាសពិតប្រាកដ ។លោកនាក់ ង៉យ បានបន្តទៀតថាបន្ទាប់ពីបង្កើតទំនុកចិត្តបានហើយឈ្មោះទី ម៉ីយ៉ាវ ក៏បានចាប់ផ្តើមអូសទាញបំផុសបំផុលឲ្យលោក ដាក់ទុនទិញលក់ក្នុងចំនួនយ៉ាងច្រើនសន្ធឹកបន្ធាប់ តែទោះជាយ៉ាងណា ចាប់ពីពេលនោះមកការទិញលក់ពុំមានមាសជាក់ស្តែងប្រគល់ឲ្យលោកទៀតឡើយ គឺមានត្រឹមតែការនិយាយលើមាត់និងការកុម្មង់ខ្យល់តាមរយៈប្រពន្ធ័តេឡេក្រាម ថាយក ១០០តម្លឹង ឬ២០០តម្លឹង ដោយតម្រូវឲ្យលោកផ្ទេរប្រាក់កក់ឬប្រាក់ទិញដាច់ជាបន្តបន្ទាប់ដោយពុំឃើញមានមាសពិតប្រាកដលក់ប្រគល់ឲ្យពិតប្រាកដ យកមករក្សាទុកក្នុងដៃនោះទេ ។ ជាក់ស្តែងកាលពីថ្ងៃទី២៦ខែ មករា ឆ្នាំ ២០២៦ លោកបានផ្ទេរប្រាក់កក់ដំណាក់កាលទី១ ចំនួន២ម៉ឺនដុល្លារអាមេរិច ដោយផ្ទេរតាមធនាគារ អេស៊ីលីដា ១០០០០ម៉ឺនដុល្លារ និងសាច់ប្រាក់សុទ្ធ ចំនួន១០០០០ ដុល្លារ ។ បន្ទាប់មកនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ ឈ្មោះទី ម៉ីយ៉ាវ បានអូសទាញឲ្យលោកកក់ប្រាក់ដំណាក់កាលទី២បន្ថែមចំនួន២០០០០ ដុល្លារ អាមេរិច ទៀតតាមធនាគារអេស៊ីលីដា ដែលសរុបប្រាក់ដើមពិតប្រាកដដែលលោកប្រគល់ឲ្យឈ្មោះទី ម៉ីយ៉ាវ គឺមានចំនួន ៤០០០០ ដុល្លារអាមេរិច ។ លុះដល់ថ្ងៃទី២៩ ខែមករា ឆ្នាំ ២០២៦ ហាងឆេងមាសឡើងថ្លៃ នាំឲ្យការវិនិយោគរបស់លោកទទួលបានប្រាក់ចំណេញរហូតដល់៨៨០០០ ដុល្លារអាមេរិច ដែលសរុបទាំងប្រាក់ដើមមានចំនួន១២៨០០០ ដុល្លារ អាមេរិច ពេលនោះនៅពេលដែលលោកទារទូទាត់យកប្រាក់ចំណេញ ក្នុងចំនួនដ៏ច្រើននេះស្រាប់តែឈ្មោះទី ម៉ីយ៉ាវបានស្តែងចេញនូវចេតនាទុច្ចរិតចង់ស៊ីដាច់ ដោយគេចវេសមិនព្រមបើកប្រាក់ចំណេញឲ្យលោកឡើយដោយយកឡេះថាជាប់រវល់មិនចេះអស់មិនចេះហើយ រួចប្រើអំណាចចិត្តខ្លួនឯង ជាឯកតោភាគី បង្កកប្រាក់ចំណេញនោះទុក រួចបង្ខំប្រើល្បិចឲ្យលោកយកប្រាក់ចំណេញនោះទៅទិញកាត់ហាងឆេងមាសន្តទៀត ចំនួន៧០០០០ ដុល្លារអាមេរិច ដោយនៅសល់ប្រាក់ចំណេញចំនួន៥៨០០០ ដុល្លារទៀតដែលជននេះមិនព្រមប្រគល់ឲ្យ ដោយបានប្រើល្បិចអូសបន្លាយ និងពន្យាពេលដោយចេតនា រហូតរង់ចាំដល់ពេលទីផ្សារហាងឆេងមាសមានការធ្លាក់ចុះ ស្រាប់តែជននេះបានធ្វើការទូទាត់តួលេខខ្យល់ដោយចិត្តឯង រួចទម្លាក់កំហុសនិងបង្វែរមកទាមទារឲ្យលោកសងប្រាក់ខាតបង់ឲ្យទៅរូបគេបន្ថែមទៀតចំនួន៦០០០០ ដុល្លារអាមេរិចទៅវិញ ដោយដោះសារភូតភរថា ប្រាក់កក់និងប្រាក់ចំណេញទាំងអស់ត្រូវបានកាត់អស់ហើយនិងនៅជំពាក់រូបគេថែមទៀត ត្រង់ចំណុចនេះដែរលោកបញ្ជាក់សារជាថ្មីថា កាលពីនិយាយគ្នាដំបូងថាក្នុងចំនួនមាស ១០០ តម្លឹងកក់ ១០០០០ម៉ឺនដុល្លារ ចុះហេតុអ្វីពេលទិញ ៧០០ តម្លឹង ដែលតម្រូវឲ្យកក់៧០០០០ ម៉ឺនដុល្លារ ស្រាប់តែមាសធ្លាក់ថ្លៃស្រ្តីរូបមិនត្រឹមតែកាត់យកប្រាក់កក់ចំនួន ៧០០០០ ម៉ឺនដុល្លារប៉ុណ្ណោះទេគឺកាត់យកទាំងលុយដើមដែលនៅសល់ចំនួន៥៨០០០ ដុល្លារ និងបង្ខំឲ្យលោកសងចំនួន៦០០០០ដុល្លារថែមទៀត ក្រោមហេតុផលថាមាសធ្លាក់ថ្លៃនាំឲ្យខាតច្រើនទៅវិញ ។
ជុំវិញរឿងរ៉ាវខាងលើនេះដែរស្រ្តីឈ្មោះ ទី ម៉ីយ៉ាវ បានបំភ្លឺប្រាប់បណ្តាញសារព័ត៌មានក្នុងស្រុកឲ្យដឹងយ៉ាងដូច្នេះថា ដំបូងឡើយគាត់អត់ដែលស្គាល់លោកនាក់ ង៉យ នោះទេ ប៉ុន្តែលោកនាក់ ង៉យ គាត់ស្គាល់អ្នកលក់មាសនៅប៉ៃលិន ហើយអ្នកលក់មាសនោះបានប្រាប់ថាបើចង់ទិញហាងឆេងមាសសូមទាក់ទង់ទៅ អ្នកស្រីផ្ទាល់ទៅមិនបាច់ទិញពីរបីដំណាក់ទេ ដោយសារអ្នកស្រីជាមេហាងឆេងនៅបាត់ដំបង។ បន្ទាប់មកលោក នាក់ ង៉យ នេះបានអេតទៅគាត់ដោយប្រាប់ថាស្គាល់តាមរយៈអ៊ី លក់មាសនៅប៉ៃលិន ហើយក៏បានទំនាក់ទំនងគ្នាឈានទៅដល់ការទិញលក់មាស ដែលដំបូងឡើយនាក់ ង៉យ ទិញ១០តម្លឹង ដោយតេតាមទូរស័ព្ទ ប៉ុន្តែដោយគាត់ខ្លាចលោកក្រឡាស់សម្តីព្រោះហាងឆេងមាសប្រែប្រួល គាត់ក៏បានឲ្យកក់លុយចំនួន១ពាន់ដុល្លារ ហើយលោកនាក់ង៉យ ក៏បានបាញ់លុយកក់ប្រាកដមែន លុះប៉ុន្មានថ្ងៃក្រោយទើបលោកនាក់ ង៉យ ទៅយកមាសនៅផ្ទះគាត់ផ្ទាល់ និងបានបាញ់លុយបន្ថែមឲ្យគ្រប់ចំនួនផងដែរ ។
ស្រ្តីរូបនេះបានបន្តទៀតថា លុះបន្ទាប់មកទៀតលោកនាក់ ង៉យនេះក៏បានទាក់ទៅគាត់ទៀតដោយប្រាប់ថាចង់ទិញមាស៥តម្លឹងលេងហាងឆេង ពាក់ព័ន្ធទៅនិងការលេងហាងឆេងនេះស្រ្តីរូបនេះបានពន្យល់ថាការលែងហាងឆេង បើគេមានលុយប្រគល់ឲ្យ គាត់ប្រគល់មាសឲ្យវិញ ប៉ុន្តែគាត់ថាចង់កក់ហាងឆេងទុកពេលចំណេញលក់យកលុយចំណេញ បន្ទាប់មកគាត់ក៏កក់៥តម្លឹងទៀត ហើយកាលនឹងដូចជាគាត់ចំណេញដែរ ហើយអ្នកស្រីក៏បាញ់លុយឲ្យដែរ បន្ទាប់មកគាត់ធ្វើអីចឹងរឿយៗដោយចំណេញលុយ ជាហូរហែទៀតផង ដោយសារមាសកាលហ្នឹងទិញហើយឡើងៗ ស្រ្តីរូបនេះក៏បានបញ្ជាក់ឲ្យដឹងដែរថាខ្លួនមិនមែនរកស៊ីអនឡាញនោះទេ គឺមានកន្លែងលក់ត្រឹមត្រូវ ។
អ្នកស្រី ទី ម៉ីយ៉ាវ ក៏បានបន្ថែមឲ្យដឹងទៀតថា បន្តមកក៏បានទំនាក់ទំនងទិញមាសចំនួន១០០តម្លឹង ហើយគាត់ក៏បានតម្រូវឲ្យកក់ចំនួន១ម៉ឺនដុល្លារ ដោយសារមាសឡើងចុះលឿន ហើយគាត់ចេះតែរវល់ចំណែកលោកនាក់ ង៉យ ចេះតែទិញច្រើនទៅៗ ហើយគាត់ទិញចេះតែចំណេញ ទិញទៅមាសឡើងៗ ដូច្នេះនាំឲ្យគាត់ចេះតែទិញច្រើនទៅៗ ហើយគាត់ក៏ឃ្លាលុយចំណេញឲ្យច្រើនហើយ ។

លុះចុងក្រោយមកទៀតគាត់ចំណេញច្រើន ហើយត្រូវទូទាត់លុយឲ្យគាត់ ប៉ុន្តែដោយសារជាប់រវល់ លុយគាត់អត់ដែលបាត់ទៅណាទេ ទាំងលុយកក់ទាំងលុយចំណេញ ប៉ុន្តែគាត់ទិញថែម គាត់តេមកទិញម្តង ២០០ តម្លឹង ម្តង ៣០០ តម្លឹង អីចឹងលុយដែលគាត់ចំណេញនោះមិនទាន់បានទូទាត់ឲ្យគាត់ អ្នកស្រីក៏យកលុយនោះធ្វើលុយកក់សិន ហើយលោកនាក់ ង៉យ ក៏បាននិយាយប្រាប់ដែរថាពូអត់បានកក់លុយទេ ដោយសារលុយនៅនិងហើយ ពេលនោះអ្នកស្រីក៏បានប្រាប់វិញថាមិនអីទេចាំហើយ ចាំគាត់ទូទាត់ឲ្យ បន្ទាប់មកល្ងាចឡើងមាសចុះ៥០០ លេខ ត្រង់ចំណុចនេះអ្នកស្រីមិនបានពន្យល់ឲ្យបានក្បោះក្បាយនោះទេ ប៉ុន្តែបានបញ្ជាក់ថា កាលនិងគាត់ប្រាប់ឲ្យលោកនាក់ ង៉យ លក់ ដោយបានប្រាប់ថាខាតនិងវាចូលដើមពូហើយ ដូចថាលុយនៅខ្ញុំ១២ ៨០០០ ទាំងដើមនោះ គ្រាន់តែយប់នោះវាចូលទាំងដើមរបស់អ្នកស្រីអស់ជាង១០ម៉ឺនដុល្លារថែមទៀត ដោយសារយប់ឡើងយើងមិនដឹងទិញហាងឆេង ឯណា បានទៀតទេគេបិទអស់ហើយ ដូច្នេះបើពូចង់ទុកបន្តទាល់តែបាញ់លុយកក់មកបន្ថែមដើម្បីគ្រប់លុយថ្លៃខាត ពូ ប៉ុន្តែលោកនាក់ង៉យបានប្រាប់ថាគាត់អត់មានលុយទេ ហើយស្រ្តីរូបនេះបានប្រាប់ថាឲ្យឃ្លាខ្លះទៅ ពូលក់ខ្លះទៅ ដោយសារខ្លាចវាចុះទៀត បន្ទាប់មកគាត់ក៏អូខេលក់ចោល ២០០ សិន ហើយនៅសល់៣០០ ហាងឆេង៦៧៨៥ នៅនិងអ្នកដោយអ្នកស្រីកាត់ខាតរាល់ថ្ងៃ ។ ហើយអ្នកស្រីក៏បានបញ្ជាក់ឲ្យដឹងទៀតថាចុងក្រោយលោកនាក់ ង៉យបានប្រាប់ថាគាត់អស់ហើយ គាត់គ្មានអីទេ ប៉ុន្តែប្រាប់អ្នកស្រីថាឲ្យស្រីទ្រាំបន្តិចទៅ បន្តិចទៀតមាសឡើងវិញហើយ ហើយសួរអ្នកស្រីថាឥឡូវហាងឆេងមាសប៉ុន្មានហើយ គាត់ចង់ទិញបន្ថែម ដើម្បីទុកខាតលើគាត់ ប៉ុន្តែអ្នកស្រីប្រាប់វិញថាអត់ទេពូ ពូនៅខាតទៀត ខ្ញុំមិនអាចទិញឲ្យពូទៀតទេដោយសារអ្នកស្រីមានមេនៅលើទៀតដែរ ។ហើយបន្ទាប់មកគាត់ថាគាត់ខាតអាលីងអាលត់អស់ហើយគាត់គ្មានលទ្ធភាពសងទេអោយអ្នកធ្វើម៉េចធ្វើទៅ ជាមួយគ្នានោះអ្នកស្រីប្រាប់ថាលុយខាតច្រើនណាស់អីចឹងគាត់សុំតែ៦០០០០ដុល្លារទេ ដោយសារលុយពូខាត២០ ទៅ៣០ម៉ឺនដុល្លារ គាត់ចេញសងជំនួស ដូច្នេះរកដំណោះស្រាយគ្នាទៅ ចង់សងរំលោះក៏បានដែរ ប៉ុន្តែឆាតទៅមិនតបត អ្នកស្រីក៏សម្រេចចិត្តទៅដាក់ពាក្យបណ្តឹងទៅតុលាការខេត្តប៉ៃលិននៅខែ៥ ថ្ងៃទី៨ តែម្តង ។

ពាក់ព័ន្ធទៅនឹងករណីខាងលើនេះបើតាមអ្នកច្បាប់បានលើកឡើងថា សកម្មភាពម្ចាស់ហាង ឬក្រុមហ៊ុន ដែលធ្វើការជួញដូរមាសអនឡាញ (Gold Trading) ឬការវិនិយោគទិញលក់មាស មួយចំនួនតូចមានចេតនាទុច្ចរិត។ មានន័យថា ជាអំពើល្មើសច្បាប់ បើមានភស្តុតាងស្តែងឡើងតាមរូបភាព៣(បី)យ៉ាងដូចខាងក្រោម៖ ទី១ ៖ ការប្រើល្បិចកលបង្កើតទំនុកចិត្តក្លែងក្លាយ(ល្បិចទាក់នុយ) ឬធ្វើការកៀរគរទុនវិនិយោគ ដោយគ្មានអាជ្ញាប័ណ្ណធ្វើអាជីវកម្មពីស្ថាប័នជំនាញ។ ជននោះបានរៀបចំគម្រោងការទុកជាមុន ដោយដំបូងឡើយព្រមប្រគល់មាសឲ្យដោះដូរម្តង ឬពីរ(២)ដង ដែលតិចតួចបំផុង ឬធួនល្មមនឹងលួងចិត្តបាន ក្នុងគោលបំណងបង្កើតទំនុកចិត្តក្លែងក្លាយ ធ្វើឲ្យភាគីម្ខាងទៀតជឿជាក់ និងទម្លាក់ទុនធំ រួចក៏កែប្រែមកជាការទិញលក់តាមមាត់ និងតាមប្រព័ន្ធតេឡេក្រាម ដែលគ្មានមាសពិតប្រាកដ(អាជីវកម្មខ្យល់) ។ ទាំងនេះបើមានការប្រើរូបភាពជាអ្នកលក់មាសនៅផ្សារ និងវិកយប័ត្រផ្សារគ្រាន់តែជាខែលដើម្បី បំភ័ន្តភ្នែកប៉ុណ្ណោះ។

Leave a Reply

Your email address will not be published. Required fields are marked *