ក្រោយពីតំលៃបូជាសពក្នុងវត្តសំបួរមាសថ្លៃពេកធ្វើអោយមនុស្សមិនចង់ស្លាប់ទេដោយសាគ្មានលុយបង់

ហួសចិត្តណាស់…!!

វត្តមិនមែនជាអាជីវកម្មទេ ។ ដូច្នេះកុំគិតរឿងលុយកាក់ ខ្វល់មាសប្រាក់ ខ្វះគុណធម៌អី។

     នៅក្នុងយុគសម័យណាក៏ដោយ យើងដឹងហើយថា វត្តគឺជាកន្លែងសម្រាប់សង្គ្រោះពុទ្ធបរិស័ទ។ បើពុទ្ធបរិស័ទមានទុក្ខ អ្នកបួសនៅក្នុងវត្ត ក៏ត្រូវនិមន្តចេញទៅសួរសុខទុក្ខដែរ។ ម្យ៉ាងទៀតប្រសិនបើពុទ្ធបរិស័ទ នៅក្បែរវត្ត ស្លាប់ក្ដី ឈឺហៀបនឹងស្លាប់ក្ដី ត្រូវនិមន្តទៅជួយតាមកាលគួរ។ យើងអ្នកបួស កុំភ្លេចគុណអ្នកស្រុកដែលធ្លាប់ឲ្យបាយឆាន់ យើងត្រូវតបគុណពួកគាត់ប្រកបដោយសេចក្តីស្មោះត្រង់។ យើងគួរណាស់តែនិមន្តទៅសូត្រធម៌ក្ដី ចូលរួមបុណ្យសពក្ដី តាមលទ្ធភាពរបស់យើង។ សូមកុំទាមទារដាក់តម្លៃរបៀបនេះ ធ្វើឲ្យបាត់បង់សេចក្តីជ្រះថ្លា នាំឲ្យសាសនាដទៃគេសើចចំអកថា៖ អ្នកបួសក្នុងព្រះពុទ្ធសាសនា នាំគ្នាខ្វល់ខ្វាយតែរឿងប្រាក់ រកស៊ីមើលតែពួកឈ្មួញ។ មនុស្សដែលធ្លាប់ចូលវត្តធ្វើបុណ្យ កសាងវត្តអារាមសោះ បែរជាត្រូវកៀបស៊ីយកលុយកាក់ក្នុងអំឡុងពេលមានទុក្ខទៅវិញ។

      ជាការពិតនាពេលបច្ចុប្បន្ននេះ បុគ្គលមួយចំនួនតូច តាមបណ្ដាវត្ត មិនបានគិតគូរ ដល់ពុទ្ធបរិស័ទ ដែលធ្លាប់ជួយសង្គ្រោះ ធ្លាប់ប្រគេនចង្ហាន់ ធ្លាប់ជួយជាកម្លាំងវត្ត ធ្លាប់ជួយលុយកសាងវត្ត តាំងពីវត្តមិនមានអ្វីសោះ រហូតដល់វត្តធំធាត់ធូរធារ។ បុគ្គលមួយចំនួននោះ បានឡើងធំ បែរជាបំភ្លេចគុណពុទ្ធបរិស័ទខ្លួនឯង។ អង្គខ្លះខ្វល់ខ្វាយតែរឿងលុយ មិនខ្វល់ពីសុខទុក្ខរបស់ពុទ្ធបរិស័ទ គិតតែប្រឹងប្រមូលលុយ សុំនេះសុំនោះ សុំមិនចេះចប់ សុខៗសុំលុយកសាងនេះ កសាងនោះ គ្មានថ្ងៃស្រាកស្រាន្តសោះ។ ទាំងដែលមិនដឹងថា រាល់ថ្ងៃនេះ ពុទ្ធបរិស័ទយើងមួយចំនួនជំពាក់លុយធនាគារស្ទើតែគ្រប់គ្នាទេ។ អង្គខ្លះ គេនិមន្តទៅបុណ្យសព និមន្តសូត្រធម៌កំដរ ពេលគេប្រគេនតិចតួច ក៏សុំទារថែមទៀត។ ជាក់ស្តែងដូចជាករណីបញ្ហាខាងក្រោមនេះ គ្រាន់តែតម្លៃសរុបក្នុងកំឡុងបុណ្យសព ប្រហែលជា ៣,៨០០,០០០រៀល។ គ្រាន់តែឃើញបែបនេះ ពិតជាសង្វេគណាស់។ យើងគ្រប់គ្នាដឹងច្បាស់ហើយថា រាល់សម្ភារៈរបស់វត្តទាំងមូល សុទ្ធតែជាបច្ច័យពុទ្ធបរិស័ទចំណុះជើងវត្ត ទាំងទីជិត និងទីឆ្ងាយ។ វាខុសស្រឡះពីអាជីវកម្មសម្រាប់បុណ្យនានា ដូចជាអាជីវកម្មរៀបចំបុណ្យសពឯកជនជាដើម ដែលម្ចាស់អាជីវកម្មត្រូវចំណាយលុយផ្ទាល់ខ្លួនទៅទិញសម្ភារៈទាំងនោះដើម្បីបង្កើតមុខរបរ ទើបពួកគេត្រូវដាក់តម្លៃឈ្នួលតាមកម្រិតនៃសម្ភារៈរបស់គេ។ ដូច្នេះ យើងមិនអាចប្រៀបធៀបនឹងគ្នាបានទេ ប្រសិនបើតេជគុណណាយកមកប្រៀបធៀបគ្នា មានន័យថា តេជគុណ មិនយល់ពីតម្លៃរបស់វត្តអារាមខ្មែរ ដែលមានវត្តមានតាំងពីបុរាណមកទេ។

       សរុបសេចក្ដីមក វត្តអារាមគឺជាទីសក្ការៈសម្រាប់សង្គ្រោះសត្វលោក មិនមែនជាផ្សារ ឬក្រុមហ៊ុនអាជីវកម្មឡើយ។ ការរក្សាបាននូវគុណធម៌ សីលធម៌ និងស្មារតីកតញ្ញូតាចំពោះពុទ្ធបរិស័ទ គឺជាកាតព្វកិច្ចរបស់អ្នកបួសគ្រប់ព្រះអង្គ។ ក្នុងនាមជាពុទ្ធសាសនិក យើងគ្រប់គ្នា ទាំងគ្រហស្ថទាំងអ្នកបួស ត្រូវរួមគ្នារក្សា តម្លៃពិតប្រាកដនៃព្រះពុទ្ធសាសនា។ ព្រះសង្ឃត្រូវរក្សាធម៌វិន័យ សេចក្ដីសង្គ្រោះ និងមេត្តាធម៌ជាចម្បង ចំណែកឯពុទ្ធបរិស័ទក៏ត្រូវទំនុកបម្រុងព្រះសង្ឃទៅតាមកម្លាំងសទ្ធា ដោយមិនទុកឱ្យព្រះសង្ឃខ្វះខាតឡើយ។ ការធ្វើបែបនេះ ទើបអាចរក្សាបាននូវសេចក្ដីជ្រះថ្លា និងធ្វើឱ្យព្រះពុទ្ធសាសនាស្ថិតស្ថេររឹងមាំ ថ្លៃថ្នូរ ជៀសផុតពីការមើលងាយពីមជ្ឈដ្ឋានខាងក្រៅ។

Leave a Reply

Your email address will not be published. Required fields are marked *