ប៉ៃលិន៖ រសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានអញ្ជើញពិនិត្យមើលវឌ្ឍនភាពការងារក្រុមជាងចម្លាក់រូបសំណាកព្រះវិស្ណុ សម្រាប់ដាក់នៅរង្វង់មូលថ្មី ស្ថិតលើ ដងផ្លូវជាតិលេខ ៥៧ កន្លែងផ្លូវបំបែកជា៤ ចំណុចវត្តអូរច្រា ស្ថិតក្នុងសង្កាត់ទួលល្វា ក្រុងប៉ៃលិន ដើម្បីលើកកម្ពស់ សោភ័ណភាព និងសុវត្ថិភាពក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ។
សូមបញ្ជាក់ថា៖ រូបសំណាកព្រះវិស្ណុ ដៃ៨ គឺជារូបបង្ហាញអំណាចសក្ការៈខ្ពស់បំផុតមួយក្នុងសាសនាព្រហ្មញ្ញ–ហិណ្ឌូ និងសិល្បៈ ខ្មែរ បុរាណ ដោយអត្ថន័យទូទៅព្រះវិស្ណុ ដៃ៨ តំណាងឱ្យអំណាចពេញលេញក្នុងទិសទាំង៨ សមត្ថភាពការពារពិភព លោកគ្រប់ទិសការគ្រប់គ្រងសកលលោក និងធម៌ ហើយដៃទាំង៨ កាន់វត្ថុសក្ការៈផ្សេងៗ ដែលមានន័យជាក់លាក់គឺ «ចក្រ»– យុត្តិធម៌ និងការផ្តន្ទាទោសអំពើអកុសល, «ស័ង្ខ» – សំឡេងសកល ការដាស់ភ្ញាក់ ធម៌, «កដា»– កម្លាំង និងការការពារ, «ផ្កាឈូក»– ភាពបរិសុទ្ធ បញ្ញា និងការកើតឡើងវិញ, «ធ្នូ»– ការត្រៀមការពារ និងការគ្រប់គ្រងសត្រូវ, «ព្រួញ»– ការចាត់ចែង និងការវាយប្រហារលើអំពើអាក្រក់, «ដាវ»– ប្រាជ្ញា កាត់ផ្តាច់អវិជ្ជា, និង«ខែល ឬ ខ្សែ»– ការការពារ និងការគ្រប់គ្រងអំពើអសុរ(វត្ថុខ្លះអាចខុសគ្នាតាមសិល្បៈ និងសម័យ)

